នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំវេទិកាថ្នាក់ខេត្តស្តីពី «ការពង្រឹងសមត្ថភាពរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ និងការផ្តល់ សេវាសាធារណៈនៅមូលដ្ឋាន» ក្រោមអធិបតីភាពឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា នៅសាលប្រជុំសាលា ខេត្តកំពង់ធំ មានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា តំណាងក្រសួងផែនការ មហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលស្តីទីនៃគណៈអភិបាលខេត្ត តំណាងអង្គភាព មន្ទីរជំនាញខេត្ត សម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ សមាជិក សមាជិកាក្រុមប្រឹក្សា អភិបាលក្រុង ស្រុក និងក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន ព្រម ទាំងគណៈកម្មការទទួលបន្ទុកកិច្ចការនារី និងកុមារ ផងដែរ សរុបចំនួន៣៥៨នាក់។
វេទិកាថ្នាក់ខេត្តនេះ ត្រូវបានប្រារព្ធធ្វើឡើង ក្រោមការសហការរៀបចំ រវាងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងរដ្ឋបាលខេត្តកំពង់ធំ។
អង្គវេទិកា ក៏នឹងមានការធ្វើបទបង្ហាញពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនានា រួមមាន៖
ទី១-នីតិវិធីកសាងកម្មវិធី៣ឆ្នាំរំកិល កម្មវិធីវិនិយោគប្រចាំឆ្នាំ និងការគ្រប់គ្រងគម្រោងអភិវឌ្ឍន៍។
ទី២-រំលឹកតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ សង្កាត់។
ទី៣-ការកសាងផែនការថវិកា និងនីតិវិធីទូទាត់ថវិកា។
ទី៤-មតិយោបល់ របស់ក្រុមប្រឹក្សាឃុំ សង្កាត់អំពីបញ្ហាប្រឈម និងសំណូមពរក្នុងការអភិវឌ្ឍមូលដ្ឋាន និងមតិ បកស្រាយបំភ្លឺរបស់អាជ្ញាធរមូលដ្ឋាន និងតំណាងក្រសួងនានាផងដែរ៕